ព័ត៌មានជាតិ

កាកបាទក្រហមខេត្តផ្តល់អំណោយមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះនៅស្រុកកោះអណ្តែត

សាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ៖
នារសៀលថ្ងៃព្រហស្បតិ៍ ១កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ ២០២១ លោកជំទាវ និន សាផុន អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយលោកជំទាវ
នូ សុវណ្ណនី អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខា លោកនាយកសាខា
មន្ត្រីប្រតិបត្តិសាខា និងមន្រ្តីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះអណ្តែត ខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា
មកជូនបងប្អូនប្រជាពលរដ្ឋមួយគ្រួសារ
ដែលបានរងគ្រោះដោយអគ្គីភ័យឆេះផ្ទះអស់មួយខ្នងនៅភូមិបេង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្នុងឱកាសនោះលោកជំទាវអនុប្រធានបានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខដល់ប្រជាពលរដ្ឋដែលងាយទទួលរងគ្រោះ នៅគ្រប់ទីកន្លែងមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ជាបន្តលោកជំទាវក៏បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មី នៃជំងឺកូវីដ១៩(Covid-19) នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាលើពិភពលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខភាពអនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និងរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលបានផ្ដល់ជូនរួមមាន÷
អង្ករ ៧៥ គីឡូក្រាម តង់ធំ១ កន្ទេល២ មុង៤ ភួយ៣ សារុង៦ ក្រម៉ា៦ ខ្នើយ៣ អាវយឺត៥ មី១កេស សាប៊ូ៨ដុំ ទឹកត្រី២យួរ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួនផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *